បណ្ដាញសុវត្ថិភាពកុមារ បើកឆាកផ្សព្វផ្សាយគន្លឹះ៧ សម្រាប់ជួយកុមារ
ការរំលោភបំពានផ្លូវភេទ និង ហិង្សា គឺមានតួលេខខ្ពស់បំផុត ក្នុងចំណោមករណីរំលោភបំពាននានាលើកុមារកម្ពុជា ប៉ុន្តែការរំលោភផ្លូវភេទក្មេងប្រុស ពីសំណាក់បុរសទេសចរបរទេស បានកើនឡើងគួឲ្យកត់សំគាល់។ នេះបើតាមកញ្ញា វុទ្ធី សុកញ្ញា មន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការមិត្តសំឡាញ់។
កញ្ញាថាតួលេខនេះ គឺផ្អែកតាមការរាយការណ៍តាមប្រព័ន្ធទូរសព្ទពីខេត្តក្រុងនានា។ ពុំបានបង្ហាញទិន្ន័យច្បាស់លាស់ទេ តែថាការបៀតបៀនផ្លូវភេទក្មេងប្រុស កើនឡើងមួយកម្រិតធំ ថ្វីបើនៅតិចជាងក្មេងស្រី។ ការគំរាមកំហែងនិងជួញដូរផ្លូវភេទក្មេងប្រុសតែងកើតឡើង ពីបណ្ដាបុរសទេសចរបរទេស។ អាណាព្យាបាលមួយចំនួនក៏រកឃើញថាបានពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទក្មេងប្រុសទៅជនបរទេសផងដែរ។ «វាមិនទាន់ច្រើនដល់ករណីក្មេងស្រីនៅឡើយទេ តែកើនឡើងច្រើន»។ កញ្ញាបញ្ជាក់។
ក្រៅពីរងគ្រោះដោយទេសចរផ្លូវភេទ កុមារកម្ពុជាជាច្រើនបានប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ដូចជា ហិង្សា ចំណាកស្រុក និងការរំលោភពលកម្ម។ ដូច្នេះហើយតាំងពីឆ្នាំ ២០០៥មក បណ្ដាញសុវត្ថិភាពកុមារ របស់អង្គការ Friends Internaional បានបង្កើតឡើងដើម្បីទប់ស្កាត់ការរំលោភបំពានគ្រប់រូបភាពលើកុមារ។
ប៉ុន្តែ១០ឆ្នាំមកនេះ បណ្ដញសុវត្ថិភាពកុមារ បានផ្សព្វផ្សាយដោយផ្ដោតលើតែក្រុមអ្នកទេសចរបរទេសប៉ុណ្ណោះ។ ខិត្តប័ណ្ណបានបោះពុម្ពជាភាសាអង់គ្លេស និងបានចែកចាយ ពិសេសតាមសណ្ឋាគារនិងផ្ទះសំណាក់ ដែលជាគោលដៅប្រមូលផ្ដុំទេសចរណ៍បរទេស។ ទើបតែចុងសប្ដាហ៍មុននេះ បណ្ដាញសុវត្ថិភាពកុមារ បានពង្រីកយុទ្ធនាការផ្សព្វផ្សាយសម្រាប់គោលដៅពលរដ្ឋខ្មែរជាលើកដំបូង ដើម្បីទប់ស្កាត់ការរំលោភបំពានលើកុមារ។ ខិត្តប័ណ្ណបានបោះពុម្ពជាភាសាខ្មែរដែលពន្យល់ពីគន្លឹះ៧ អាចណែនាំឲ្យប្រជាពលរដ្ឋអនុវត្តជួយដល់កុមារ បានចែកសាធារណជន ហើយសំនួរជាច្រើនបានស្រាយដើម្បីស្វែងរកការចូលរួមសង្គ្រោះកុមារ។
សុកញ្ញា បញ្ជាក់ចំណោមការរំលោភផ្លូវភេទកន្លងមក សម្បូរករណីរំលោភផ្លូវភេទក្មេងប្រុសពីជនបទេស។ បរទេសជាអ្នកប្រព្រឹត្ត ប៉ុន្តែជនបរទេសក៏ជាអ្នកទូរសព្ទរាយការណ៍មក Hotline គឺពុំសូវមានខ្មែរទេ។ សុកញ្ញារៀបរាប់ហេតុផលថា៖ «ព្រោះបើយើងមិនធ្លាប់ដឹងគឺយើងមើលមិនដឹង មិនសង្ស័យទេ តែបើគេធ្លាប់ដឹង ខាងហ្នឹងគេមើលស្គាល់ អីចឹងខាងបរទេសគេឆាប់ចាប់ដឹងណាស់ គេទូរសព្ទមកយើង»។
ដើម្បីទប់ស្កាត់ការរំលោភបំពានលើកុមារគ្រប់រូបភាព បណ្ដាញសុវត្ថិភាពកុមារ បានពង្រាយនិងមានដៃគូនៅ ភ្នំពេញ កំពង់ចាម សៀមរាប ក្រុងព្រះសីហនុ ប៉ោយប៉ែត អ្នកលឿង និងបាត់ដំបង ជាដើម។ ទន្ទឹមនឹងនេះ សកម្មជនមួយចំនួនបានបណ្ដុះបណ្ដាលឡើង ដើម្បីអន្តរាគមន៍ភ្លាមៗនៅពេលកុមារស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មានដូចជាបុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ម៉ូតូឌុប ម៉ូតូរ៉ឺម៉ក និងអ្នកលក់ដូរជាដើម។ ការសង្គ្រោះកុមារគឺមានគ្រប់ទីកន្លែងដែលមានបិទផ្លាក សុវត្ថិភាពកុមារ។
បណ្ដាញសុវត្ថិភាពកុមារ ធ្វើការលើការទប់ស្កាត់ការបំពានកុមារ គ្រប់រូបភាព។ សូម្បីកុមាររងសម្ពាធគ្រួសារ។ ដូចថាកុមារមិនបានរៀនសូត្រ ព្រោះឪពុកម្ដាយគ្មានការងារ បណ្ដាញនេះ មានការសម្របសម្រួល ដោយការបណ្ដុះបណ្ដាលជំនាញនិងជួយបង្កើតមុខរបរ ដើម្បីឲ្យកុមារគេចពីពលកម្មនិងទទួលបានការអប់រំ។ មន្ត្រីទំនាក់ទំនងរូបនេះថា ប្រជាជនខ្មែរមួយចំនួន នៅខ្វះការយល់ដឹង។ ដូចជាករណីកុមារតាមដងផ្លូវ។ «យើងយកគេទៅមណ្ឌលមានហូបចុក គេមិនចេះនៅ។ ណាមួយឪពុកម្ដាយគេ មិនចង់ឲ្យកូនចាកចេញពីជីវិតតាមផ្លូវឡើយ។ គេថាចុះបើឲ្យកូនគេទៅរៀនបានអី បើនៅលក់នៅសុំតាមផ្លូវគឺអាចរកលុយបាន។ កុមារជាច្រើនប្រឈមមុខនឹងគ្រោះតាមផ្លូវ ពួកគេមិនបានគិតពីការវិនិយោគរយៈពេលយូរតាមការរៀនសូត្រឡើយ គឺពួកគេខ្វះចំណេះដឹង ពួកគេមិនយល់ឡើយ ហើយត្រូវការការអប់រំជាច្រើនទៀត»។ សុកញ្ញា ពន្យល់។
ស្លាកសញ្ញាបណ្ដាញសុវត្ថិភាពកុមារ
ប្រជាជនទូទៅអាចចូលរួមជាមួយ បណ្ដាញសុវត្ថិភាពកុមារ ដោយទូរសព្ទរាយការណ៍នៅពេលជួបប្រទះ និងសង្ស័យការរំលោភបំពានលើកុមារដូចជា៖
ការប្រើហិង្សា
ការប្រឈមមុខនឹងការជួញដូរ
រងគ្រោះដោយសារគ្រឿងញៀន
ការវង្វេងផ្លូវឬចំណាកស្រុក
ការប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍
ការប្រឈមមុខនឹងការជួញដូរ
រងគ្រោះដោយសារគ្រឿងញៀន
ការវង្វេងផ្លូវឬចំណាកស្រុក
ការប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍
អាចស្វែងរកការសង្គ្រោះពីទីតាំងដែលមានបិតស្លាកបណ្ដាញសុវត្ថិភាពកុមារ ឬទូរសព្ទទៅប្រព័ន្ធហៅបន្ទាន់តាមលេខ៖
០១២ ៣១១ ១១២ (ភ្នំពេញ)
០១៧ ៣៥៨ ៧៥៨ (សៀមរាប)
០១២ ៤៧៨ ១០០ (ក្រុងព្រះសីហនុ)
០៩៥ ៩៦០ ៣០៣ (ប៉ោយប៉ែត)
០៨៩ ៥០០ ០០៨ (អ្នកលឿង)
០៩២ ៩១១ ១១៥ (បាត់ដំបង)
០១៧ ៣៥៨ ៧៥៨ (សៀមរាប)
០១២ ៤៧៨ ១០០ (ក្រុងព្រះសីហនុ)
០៩៥ ៩៦០ ៣០៣ (ប៉ោយប៉ែត)
០៨៩ ៥០០ ០០៨ (អ្នកលឿង)
០៩២ ៩១១ ១១៥ (បាត់ដំបង)
អត្ថបទ៖ ប៉ែន សុផាន់ណា
__________________________________________________________________________________


0 comments:
Post a Comment